ព្រះត្រៃបិដក ភាគ ១៣
[២៩៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គត្រាស់ថា ការប្រេះឆានៃសង្ឃ បពិត្រព្រះអង្គដ៏ចំរើន ការប្រេះឆានៃសង្ឃ តែមិនទាន់បែកធ្លាយនៃសង្ឃ តើដូចម្តេច ម្យ៉ាងទៀត ការប្រេះឆានៃសង្ឃផង ការបែកធ្លាយនៃសង្ឃផងដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ តថាគត បានបញ្ញត្តអាគន្តុកវត្តនេះ ដល់ពួកភិក្ខុជាអាគន្តុកៈ ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ពួកភិក្ខុជាអាគន្តុកៈ មិនបានប្រព្រឹត្តក្នុងអាគន្តុកវត្ត ម្នាលឧបាលិ យ៉ាងនេះហើយ ហៅថា ការប្រេះឆានៃសង្ឃ តែមិនទាន់ហៅថា បែកធ្លាយនៃសង្ឃទេ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តអាវាសិកវត្តនេះ ដល់អាវាសិកភិក្ខុ ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះ ពួកអាវាសិកភិក្ខុ មិនប្រព្រឹត្តក្នុងអាវាសិកវត្តទេ ម្នាលឧបាលិ យ៉ាងនេះហើយ ហៅថា ការប្រេះឆានៃសង្ឃ តែមិនទាន់ហៅថា បែកធ្លាយនៃសង្ឃ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តភត្តគ្គវត្តនេះ ក្នុងរោងភត្ត ដល់ពួកភិក្ខុ តាមលំដាប់ចាស់ខ្ចី តាមលំដាប់រាត្រី ឬលំដាប់នៃថេរៈ តាមកិច្ចដ៏សមគួរ តាមអាសនៈខ្ពស់ តាមទឹកថ្មោង តាមចង្ហាន់ថ្មោង ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ពួកភិក្ខុថ្មី ហាមឃាត់អាសនៈ ដល់ពួកភិក្ខុជាថេរៈ ក្នុងរោងភត្ត ម្នាលឧបាលិ យ៉ាងនេះហើយ
ID: 636804145055305295
ទៅកាន់ទំព័រ៖