ព្រះត្រៃបិដក ភាគ ១៣

ឈ្មោះថា​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ ​តែ​មិនទាន់​ហៅថា​ ​បែកធ្លាយ​នៃ​សង្ឃ​ទេ​។​ ​ម្នាល​ឧបាលិ​ ​តថាគត​ ​បាន​បញ្ញត្ត​សេនាសន​វត្ត​នេះ​ ​ក្នុ​សេនាសនៈ​ ​ដល់​ភិក្ខុ​តាមលំដាប់​ចាស់​ខ្ចី​ ​តាមលំដាប់​រាត្រី​ ​តាម​កិច្ច​ដ៏​សមគួរ​ ​ម្នាល​ឧបាលិ​ ​កាលបើ​សិក្ខាបទ​ដែល​តថាគត​បាន​បញ្ញត្ត​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ហើយ​ ​ពួក​ភិក្ខុ​ថ្មី​ក៏​ហាមឃាត់​សេនាសនៈ​ ​ដល់​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ម្នាល​ឧបាលិ​ ​យ៉ាងនេះ​ឈ្មោះថា​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ ​តែ​មិនទាន់​ហៅថា​ ​បែកធ្លាយ​នៃ​សង្ឃ​ទេ​។​ ​ម្នាល​ឧបាលិ​ ​តថាគត​ ​បាន​បញ្ញត្ត​ឧបោសថ​ជាមួយគ្នា​ ​បវារណា​ជាមួយគ្នា​ ​សង្ឃកម្ម​ជាមួយគ្នា​ ​កម្ម​តូច​ ​កម្ម​ធំ​ជាមួយគ្នា​នេះ​ ​ខាងក្នុង​សីមា​ ​ដល់​ភិក្ខុ​ទាំងឡាយ​ហើយ​ ​ម្នាល​ឧបាលិ​ ​កាលបើ​សិក្ខាបទ​ដែល​តថាគត​បាន​បញ្ញត្ត​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ធ្វើ​សេចក្តី​កំណត់​ផ្សេងគ្នា​ ​ចង​គ្នា​ជាពួក​ ​ធ្វើ​ឧបោសថ​ផ្សេងគ្នា​ ​ធ្វើ​បវារណា​ផ្សេងគ្នា​ ​ធ្វើ​សង្ឃកម្ម​ផ្សេងគ្នា​ ​ធ្វើ​កម្ម​តូច​ ​កម្ម​ធំ​ផ្សេងគ្នា​ ​ខាងក្នុង​សីមា​នោះ​ ​ម្នាល​ឧបាលិ​ ​យ៉ាងនេះ​ហើយ​ឈ្មោះថា​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ផង​ ​ឈ្មោះថា​ ​ការ​បែកធ្លាយ​នៃ​សង្ឃ​ផង​។​

​ចប់​ ​អធិករណ​វូប​សម​វគ្គ​ ​ជា​គំរប់១០​។​

ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636804145375223593
ទៅកាន់ទំព័រ៖