ព្រះត្រៃបិដក ភាគ ១៣

នៅក្នុង​រោង​ភត្ត​ ​មិន​គួរ​សំពះ១​ ​ភិក្ខុ​ងាក​ទៅ​ក្នុង​ទី​ម្ខាង​ ​គឺ​បុគ្គល​មាន​ពៀរ​នឹងគ្នា​ ​ជា​វិសភាគ​បុគ្គល​ ​មិន​គួរ​សំពះ១​ ​ភិក្ខុ​បញ្ជូន​ចិត្ត​ទៅកាន់​អារម្មណ៍​ដទៃ​ ​គឺ​កំពុង​គិត​ហេតុ​ដទៃ​ ​មិន​គួរ​សំពះ១​ ​ភិក្ខុ​អាក្រាត​ ​មិន​គួរ​សំពះ១​។​ ​ម្នាល​ឧបាលិ​ ​បុគ្គល៥ពួក​នេះឯង​ ​មិន​គួរ​សំពះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​បុគ្គល៥ពួក​ដទៃទៀត​ ​មិន​គួរ​សំពះ​។​ ​បុគ្គល៥ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​កំពុង​ឆាន់​បង្អែម​ ​មិន​គួរ​សំពះ១​ ​កំពុង​ឆាន់​ចំអាប​ ​មិន​គួរ​សំពះ១​ ​កំពុង​បន្ទោបង់​ឧច្ចារៈ​ ​មិន​គួរ​សំពះ១​ ​កំពុង​បន្ទោបង់​បស្សាវៈ​ ​មិន​គួរ​សំពះ១​ ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​មិន​គួរ​សំពះ១​។​ ​ម្នាល​ឧបាលិ​ ​បុគ្គល៥ពួក​នេះឯង​ ​មិន​គួរ​សំពះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​បុគ្គល៥ពួក​ដទៃទៀត​ ​មិន​គួរ​សំពះ​។​ ​បុគ្គល៥ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ដែល​បាន​ឧបសម្បទា​ក្រោយ​ ​ភិក្ខុ​ដែល​បាន​ឧបសម្បទា​មុន​ ​មិន​គួរ​សំពះ១​ ​អនុបសម្បន្ន​ ​ភិក្ខុ​មិន​គួរ​សំពះ១​ ​ភិក្ខុ​មាន​សំវាស​ផ្សេងគ្នា​ ​ទោះបី​ចាស់​ជាង​ ​តែ​ជា​អធម្មវាទី​ ​ភិក្ខុ​មិន​គួរ​សំពះ១​ ​មាតុគ្រាម​ ​ភិក្ខុ​មិន​គួរ​សំពះ១​ ​បណ្ឌកៈ​ ​ភិក្ខុ​មិន​គួរ​សំពះ១​។​ ​ម្នាល​ឧបាលិ​ ​បុគ្គល៥ពួក​នេះឯង​ ​មិន​គួរ​សំពះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​បុគ្គល៥ពួក​ដទៃទៀត​ ​ក៏​មិន​គួរ​សំពះ​។​ ​បុគ្គល៥ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ដែល​កំពុង​នៅ​បរិវាស​ ​មិន​គួរ​សំពះ១​ ​ភិក្ខុ​ដែល​គួរ​នឹង​ទាញ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​មិន​គួរ​សំពះ១​ ​ភិក្ខុ​គួរ​ដល់​មានត្ត​ ​មិន​គួរ​សំពះ១​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636804154189997769
ទៅកាន់ទំព័រ៖