ព្រះត្រៃបិដក ភាគ ១៣
[៣២៩] អាបត្តិប៉ុន្មាន ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងរាត្រី អាបត្តិប៉ុន្មាន ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងវេលាថ្ងៃ អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្នដែលឲ្យ អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្នដែលទទួល។ អាបត្តិ២ប្រកបដោយវាចា ហើយត្រូវតែក្នុងរាត្រី អាបត្តិ២ ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងវេលាថ្ងៃ អាបត្តិ៣ មានដល់ឧបសម្បន្នដែលឲ្យ អាបត្តិ៤ មានដល់ឧបសម្បន្នដែលទទួល។
[៣៣០] អាបត្តិប៉ុន្មាន ដែលជាទេសនាគាមិនី អាបត្តិប៉ុន្មាន ដែលជាសប្បដិកម្ម(១) ក្នុងសាសនានេះ មានអាបត្តិប៉ុន្មាន ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាអប្បដិកម្ម(២) ក្នុងសាសនានេះ។ អាបត្តិ ដែលជាទេសនាគាមិនីមាន៥ អាបត្តិ ដែលជាសប្បដិកម្ម មាន៦ អាបត្តិ១ ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាអប្បដិកម្ម ក្នុងសាសនានេះ។
(១) អដ្ឋកថា ថា សប្បដិកម្ម ប្រែថា អាបត្តិដែលកែបាន បានដល់អាបត្តិ៦កង តាំងពីសង្ឃាទិសេស រហូតដល់ទុព្ភាសិត។ (២) អប្បដិកម្ម ប្រែថា អាបត្តិកែលែងបាន បានដល់បារាជិក៤ ឬទាំង៨។
ID: 636804160655447572
ទៅកាន់ទំព័រ៖