ព្រះត្រៃបិដក ភាគ ១៣
[៣៥៧] ក្នុងសាសនានេះ បុគ្គលត្រូវឲ្យចីវរដល់បុគ្គលប៉ុន្មានពួក ដែលនៅចាំវស្សារួចហើយ កាលបើមានអ្នកទទួលដ៏សមគួរហើយ បុគ្គលត្រូវឲ្យចីវរ ដល់បុគ្គលប៉ុន្មានពួក មិនត្រូវឲ្យដល់បុគ្គលប៉ុន្មានពួក។ ក្នុងសាសនានេះ បុគ្គលត្រូវឲ្យចីវរដល់បុគ្គល៥ពួក(១) ដែលនៅចាំវស្សារួចហើយ កាលបើមានអ្នកទទួលដ៏សមគួរ បុគ្គលត្រូវឲ្យចីវរ ដល់បុគ្គល៧ពួក មិនត្រូវឲ្យដល់បុគ្គល១៦ពួកទេ។
[៣៥៨] ភិក្ខុបិទបាំងអាបត្តិអស់មួយរយរាត្រី ត្រូវជាប៉ុន្មានរយអាបត្តិ ហើយចូលបរិវាស នៅប៉ុន្មានរាត្រី ទើបរួច (ចាកអាបត្តិ)បាន។ ភិក្ខុបិទបាំងអាបត្តិអស់មួយរយរាត្រី ត្រូវជាមួយពាន់(២) អាបត្តិ ហើយចូលបរិវាស នៅ១០រាត្រី ទើបរួច (ចាកអាបត្តិនោះ)បាន។
(១) អដ្ឋកថា ថា សហធម្មិកទាំង៥។ (២) រាត្រីទី១ ភិក្ខុត្រូវអាបត្តិមួយរយ ហើយក៏បិទបាំងទុកអស់១០រាត្រី លុះដល់ថ្ងៃទី១១ ទើបត្រូវអាបត្តិមួយរយ១លើកទៀត ហើយក៏បិទបាំងទុកអស់១០រាត្រី ទើបត្រូវអាបត្តិមួយរយ១លើកទៀត ត្រូវនឹងបិទបាំងយ៉ាងនេះ ដរាបដល់១០លើក រួមរាត្រីទាំងអស់ មួយរយរាត្រី រួមអាបត្តិជា១ពាន់។
ID: 636804166218375753
ទៅកាន់ទំព័រ៖