ព្រះត្រៃបិដក ភាគ ១៣
[៤១២] ឧបសម្បន្ន មិនសេពមេថុននឹងស្រី៣ពួកនោះ និងបុរស៣ពួក មួយទៀត មិនសេពមេថុននឹងអនរិយជន គឺឧភតោព្យញ្ជនក៣ពួក និងបណ្ឌក៣ពួក មួយទៀត មិនបានប្រព្រឹត្តមេថុនក្នុងព្យញ្ជនៈ គឺដោយអំណាចនៃអនុលោមបារាជិកសោះឡើយ តែឧបសម្បន្ននោះ ត្រូវឆេជ្ជវត្ថុ ព្រោះមេថុនធម្មជាបច្ច័យ(១) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៤១៣] ភិក្ខុសូមចីវរនឹងមាតា តែមិនមែនជាចីវរ ដែលមាតាបង្អោនទៅដើម្បីសង្ឃ ភិក្ខុនោះត្រូវអាបត្តិ ព្រោះហេតុអ្វី(២) មួយទៀត ភិក្ខុមិនត្រូវអាបត្តិ ព្រោះសូមចីវរនឹងពួកញាតិ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៤១៤] បុគ្គលក្រោធខឹង ហើយត្រឡប់ទៅជាត្រេកអរវិញ(៣) បុគ្គលក្រោធខឹងហើយ គួរនឹងតិះដៀល(៤) បុគ្គលក្រោធខឹងហើយ គួរនឹងសរសើរ ដោយធម៌ណា ធម៌នោះ តើឈ្មោះដូចម្តេច ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
(១) អដ្ឋកថា ថា សំដៅយកអដ្ឋវត្ថុកបារាជិករបស់ភិក្ខុនី។ (២) សំដៅយកភិក្ខុសូមសំពត់វស្សិកសាដក អំពីមាតា ក្នុងបិដ្ឋិសម័យ គឺសម័យខាងខ្នងរដូវ រាប់តាំងអំពី១រោច ខែកត្តិក រហូតដល់១៥កើត ខែជេស្ឋ។ (៣) បានដល់ពួកតិរ្ថីយ៍ដែលកំពុងបំពេញវត្ត កាលបើឮគេសរសើរគុណពួកតិរ្ថីយ៍ ទុកជាខឹងហើយ ក៏ត្រឡប់ទៅជាត្រេកអរវិញ។ (៤) កាលបើគេសរសើរគុណព្រះរតនត្រ័យ បើបុគ្គលណាខឹង បុគ្គលនោះ ឈ្មោះថា គួរនឹងតិះដៀល។
ID: 636804177524712439
ទៅកាន់ទំព័រ៖