ព្រះត្រៃបិដក ភាគ ១៣
ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយដែរ តែពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១។ កម្មទាំងឡាយ វិបត្តិព្រោះបរិសទ្យ ដោយអាការ១២នេះឯង។
[៤២៩] កម្ម សង្ឃធ្វើដោយចតុវគ្គ បានដល់ភិក្ខុ៤រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេស ជាអ្នកគួរដល់ឆន្ទៈដែរ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិនគួរដល់កម្ម ទាំងមិនគួរដល់ឆន្ទៈទេ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។ កម្ម ដែលសង្ឃធ្វើដោយបញ្ចវគ្គ បានដល់ភិក្ខុ៥រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេស ជាអ្នកគួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិនគួរដល់កម្ម ទាំងជាអ្នកមិនគួរដល់ឆន្ទៈ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។ កម្ម ដែលសង្ឃធ្វើដោយទសវគ្គ បានដល់ភិក្ខុ១០រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេស ជាអ្នកគួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិនគួរដល់កម្ម ជាអ្នកមិនគួរដល់ឆន្ទៈ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។ កម្ម ដែលសង្ឃធ្វើដោយវីសតិវគ្គ បានដល់ភិក្ខុ២០រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេស គួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិនគួរដល់កម្ម ទាំងជាអ្នកមិនគួរដល់ឆន្ទៈ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។
ID: 636804181606535906
ទៅកាន់ទំព័រ៖