ព្រះត្រៃបិដក ភាគ ១៣
ទទួលសុខទុក្ខយ៉ាងនោះ មានអាយុកំណត់ប៉ុណ្ណោះ លុះអាត្មាអញច្យុតចាកទីនោះហើយ ទើបបានមកកើតក្នុងទីនេះ ភិក្ខុនោះរលឹកនូវចំណែកខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន មានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ១ ភិក្ខុនោះមានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាបខ្លះ ឧត្តមខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គល ជាអ្នកយល់ខុស ប្រកាន់ស៊ប់នូវអំពើតាមសេចក្តីយល់ខុស សត្វពួកនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខអំពីសេចក្តីស្លាប់ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក ម្យ៉ាងទៀតថា អើហ្ន៎ សត្វពួកនេះប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលព្រះអរិយបុគ្គល ជាអ្នកយល់ត្រូវ ប្រកាន់ស៊ប់នូវកម្មតាមសេចក្តីយល់ត្រូវ សត្វពួកនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខអំពីសេចក្តីស្លាប់ រមែងទៅកើតក្នុងសុគតិ និងឋានសួគ៌ ទេវលោក ភិក្ខុនោះមានចក្ខុទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា
ID: 636803467434837621
ទៅកាន់ទំព័រ៖