ព្រះត្រៃបិដក ភាគ ១៣
[៧៩] កាលបើភិក្ខុបានឃើញច្បាស់នូវអានិសង្ស៨ប្រការហើយ មិនត្រូវលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិឡើយ។ កាលបើភិក្ខុបានឃើញនូវអានិសង្ស៨ប្រការហើយ ត្រូវសំដែងអាបត្តិនោះចេញ ដោយសេចក្តីជឿពាក្យភិក្ខុឯទៀត។ សិក្ខាបទជាយាវតតិយកាមាន៨។ ភិក្ខុទ្រុស្តត្រកូលដោយប្រការ៨យ៉ាង។ មាតិកា៨យ៉ាង នាំឲ្យកើតចីវរ។ មាតិកា៨យ៉ាង នាំឲ្យដោះកឋិន។ ទឹកបាន មាន៨យ៉ាង។ ទេវទត្តត្រូវអសទ្ធម្ម៨ប្រការគ្របសង្កត់ហើយ មានចិត្ត គឺអសទ្ធម្មរួបរឹតហើយ ក៏ធ្លាក់ទៅក្នុងទីមិនចំរើន ធ្លាក់ទៅនរក តាំងនៅអស់១កប្ប រកអ្នកណាកែមិនកើត។ លោកធម៌មាន៨ប្រការ។ គរុធម៌មាន៨ប្រការ។ បាដិទេសនីយសិក្ខាបទមាន៨។ មុសាវាទប្រកបដោយអង្គ៨។ អង្គរបស់ឧបោសថមាន៨។ អង្គរបស់ភិក្ខុដែលជាទូត (អ្នកទទួលបម្រើ) មាន៨។ វត្តរបស់ពួកតិរ្ថិយ មាន៨។ ធម៌ជាអស្ចារ្យចំឡែកក្នុងមហាសមុទ្ទ មាន៨។ ធម៌ជាអស្ចារ្យចំឡែកក្នុងធម៌វិន័យនេះ មាន៨។ អនតិរិត្តភោជនមាន៨។ អតិរិត្តភោជនមាន៨។ វត្ថុដែលជានិស្សគ្គិយៈ ក្នុងខណៈអរុណរះឡើងជាគំរប់៨។ បារាជិកសិក្ខាបទមាន៨។ ភិក្ខុនីធ្វើវត្ថុទី៨ឲ្យពេញ សង្ឃត្រូវឲ្យវិនាស។ អាបត្តិដែលភិក្ខុនីធ្វើវត្ថុទី៨ឲ្យពេញ សំដែងចេញបានក៏មាន សំដែងចេញមិនបានក៏មាន។
ID: 636803468860249150
ទៅកាន់ទំព័រ៖