ព្រះត្រៃបិដក ភាគ ១៣
អាបត្តិណា ជាគរុកាបត្តិ អាបត្តិនោះ តែងរម្ងាប់ដោយអធិករណ៍១ គឺកិច្ចាធិករណ៍ រម្ងាប់ក្នុងទី១ គឺកណ្តាលជំនុំសង្ឃ និងរម្ងាប់ដោយសមថៈ២គឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ អាបត្តិទាំងឡាយណា ជាលហុកាបត្តិ អាបត្តិទាំងនោះ តែងរម្ងាប់ដោយអធិករណ៍១គឺ កិច្ចាធិករណ៍ រម្ងាប់ក្នុងទីទាំង៣គឺ កណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១ រម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណក៏មាន សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។
[១៣៥] អាបត្តាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ អាបត្តាធិករណ៍ មិនមែនជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យ នៃអាបត្តាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃអាបត្តាធិករណ៍ ក៏មានដែរ។ ភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យ នៃអាបត្តាធិករណ៍។ ភិក្ខុត្រូវអាបត្តិ៤យ៉ាង ព្រោះបច្ច័យ នៃអាបត្តាធិករណ៍ គឺ ភិក្ខុនីដឹងថា (ភិក្ខុនីផងគ្នា) ត្រូវអាបត្តិបារាជិក ហើយជួយបិទបាំងទុក ត្រូវអាបត្តិបារាជិក ភិក្ខុនី មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ត្រូវអាបត្តិថុល្លច្ច័យ
ID: 636803491664633486
ទៅកាន់ទំព័រ៖