ព្រះត្រៃបិដក ភាគ ១៣
[១៦៣] សួរថា អ្នកចោទត្រូវប្រតិបត្តិដូចម្តេច អ្នកជាប់ចោទត្រូវប្រតិបត្តិដូចម្តេច សង្ឃត្រូវប្រតិបត្តិដូចម្តេច វិន័យធរត្រូវប្រតិបត្តិដូចម្តេច។ ត្រង់ពាក្យសួរថា អ្នកចោទត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា អ្នកចោទត្រូវតាំងនៅក្នុងធម៌៥យ៉ាង ទើបចោទអ្នកដទៃបាន គឺតាំងចិត្តថា អាត្មាអញនឹងនិយាយត្រូវតាមកាល មិននិយាយខុសកាល១ នឹងនិយាយពាក្យពិត មិននិយាយពាក្យដែលមិនពិត១ នឹងនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យទ្រគោះ១ នឹងនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យឥតប្រយោជន៍១ នឹងនិយាយដោយមេត្តាចិត្ត មិននិយាយដោយសេចក្តីស្អប់១។ អ្នកចោទត្រូវប្រតិបត្តិយ៉ាងនេះ។ ត្រង់ពាក្យសួរថា អ្នកជាប់ចោទ ត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា អ្នកជាប់ចោទ ត្រូវតាំងនៅក្នុងធម៌២យ៉ាង គឺក្នុងសច្ចវាចា១ ក្នុងអកុប្បធម៌ គឺសេចក្តីមិនក្រោធចំពោះអ្នកចោទ ចំពោះវិន័យធរ ចំពោះសង្ឃ១។ អ្នកជាប់ចោទ ត្រូវប្រតិបត្តិយ៉ាងនេះ។ ត្រង់ពាក្យសួរថា សង្ឃត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា សង្ឃត្រូវដឹងពាក្យដែលទាក់ទងរកគ្នា និងពាក្យដែលមិនទាក់ទងរកគ្នា គឺដឹងពាក្យខាងដើម និងពាក្យខាងចុង របស់អ្នកចោទមានប៉ុណ្ណេះ របស់អ្នកជាប់ចោទ មានប៉ុណ្ណេះជាដើម។
ID: 636803502036846743
ទៅកាន់ទំព័រ៖