ព្រះត្រៃបិដក ភាគ ១៣
ស្បង់ ក្រាលមិនឡើងជាកឋិន១ វៀរចាកសំពត់ជាបញ្ចក្ខន្ធ ឬលើសពីបញ្ចក្ខន្ធឡើងទៅ ដែលបានកាត់ដាច់ត្រឹមត្រូវ ធ្វើឲ្យមានមណ្ឌលល្អក្នុងថ្ងៃនោះ ក្រាលមិនឡើងជាកឋិន១ វៀរចាកបុគ្គលអ្នកក្រាល ក៏ក្រាលមិនឡើងជាកឋិន១ សំពត់ដែលបុគ្គលក្រាលត្រឹមត្រូវហើយ តែបើភិក្ខុនៅក្រៅសីមា អនុមោទនា កឋិននោះ ក៏មិនឡើងជាកឋិន១។ កឋិនដែលក្រាលមិនឡើង ដោយអាការយ៉ាងនេះឯង។
[២១១] ភិក្ខុធ្វើនិមិត្តថា អាត្មានឹងក្រាលកឋិនដោយសំពត់នេះ ដូច្នេះ ហៅថា ធ្វើនិមិត្ត។ ភិក្ខុធ្វើនូវការនិយាយបញ្ចុះបញ្ចូល ដោយគិតថា អាត្មានឹងឲ្យសំពត់កឋិនកើតឡើង ដោយការនិយាយបញ្ចុះបញ្ចូលដូច្នេះ ហៅថា ការនិយាយបញ្ចុះបញ្ចូល។ សំពត់ដែលគេមិនបានឲ្យដាច់ ហៅថា សំពត់ខ្ចីគេ។ សន្និធិ មាន២យ៉ាងគឺ ករណសន្និធិ មិនធ្វើឲ្យស្រេចក្នុងថ្ងៃនោះ (ទុកធ្វើទៅក្នុងថ្ងៃខាងមុខៗតទៅទៀត)១ និចយសន្និធិ ទុកធ្វើដល់ថ្ងៃស្អែកជាកំណត់១ ហៅថា សន្និធិ។ កាលបើភិក្ខុកំពុងធ្វើ (សំពត់នោះ) អរុណក៏រះឡើង ហៅថា សំពត់ជានិស្សគ្គិយៈ។ កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការ២៤នេះឯង។
ID: 636804073691443515
ទៅកាន់ទំព័រ៖