ព្រះត្រៃបិដក ភាគ ១៣
[២២៩] ត្រង់ពាក្យថា ភិក្ខុគប្បីស្គាល់កឋិននោះ សេចក្តីថា ការរួបរួមនឹងកិរិយាប្រជុំនៃធម៌ទាំងឡាយនោះឯង ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាស នេះជាពាក្យហៅថា កឋិន។ ត្រង់ពាក្យថា គប្បីស្គាល់ខែ ដែលក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់ខែជាខាងចុងនៃវស្សានរដូវ។ ពាក្យថា គប្បីស្គាល់វិបត្តិនៃការក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់វិបត្តិនៃការក្រាលកឋិន ដោយអាការ២៤។ ពាក្យថា គប្បីស្គាល់សម្បត្តិនៃការក្រាលកឋិននោះ សេចក្តីថា ត្រូវដឹងសម្បត្តិនៃការក្រាលកឋិន ដោយអាការ១៧។ ពាក្យថា គប្បីដឹងនិមិត្តកម្មនោះ សេចក្តីថា ភិក្ខុធ្វើនិមិត្តកម្មថា អាត្មានឹងក្រាលកឋិន ដោយសំពត់នេះ។ ពាក្យថា គប្បីស្គាល់ពាក្យនិយាយបញ្ចុះបញ្ចូលនោះ សេចក្តីថា ភិក្ខុធ្វើពាក្យបញ្ចុះបញ្ចូលថា អាត្មាអញនឹងធ្វើសំពត់កឋិនឲ្យកើតឡើង ដោយពាក្យបញ្ចុះបញ្ចូលនេះ។ ពាក្យថា គប្បីស្គាល់សំពត់ខ្ចីគេនោះ សេចក្តីថា ត្រូវស្គាល់សំពត់ដែលគេមិនបានឲ្យដាច់។ ពាក្យថា គប្បីស្គាល់សំពត់ដែលជាសន្និធិនោះ សេចក្តីថា ត្រូវស្គាល់សន្និធិមាន២យ៉ាង គឺសន្និធិព្រោះការមិនធ្វើក្នុងថ្ងៃនោះ១ សន្និធិព្រោះទុកដល់ថ្ងៃស្អែក១។ ពាក្យថា គប្បីស្គាល់សំពត់ជានិស្សគ្គិយៈនោះ សេចក្តីថា ភិក្ខុកំពុងធ្វើ (ចីវរ) អរុណក៏រះឡើង។
ID: 636804077656810321
ទៅកាន់ទំព័រ៖