ព្រះត្រៃបិដក ភាគ ១៣
ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងទៅខាងឆន្ទាគតិ១ លំអៀងទៅខាងទោសាគតិ១ លំអៀងទៅខាងមោហាគតិ១ លំអៀងទៅខាងភយាគតិ១ មិនឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងទៅខាងឆន្ទាគតិ១ មិនលំអៀងទៅខាងទោសាគតិ១ មិនលំអៀងទៅខាងមោហាគតិ១ មិនលំអៀងទៅខាងភយាគតិ១ ជាអ្នកឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនស្គាល់ញត្តិ១ មិនស្គាល់ការធ្វើដោយញត្តិ១ មិនស្គាល់វិធីសូត្រដោយញត្តិ១ មិនស្គាល់សមថៈដោយញត្តិ១ មិនស្គាល់ការរម្ងាប់ដោយញត្តិ១។
ID: 636804090745008924
ទៅកាន់ទំព័រ៖