ព្រះត្រៃបិដក ភាគ ១៣

ចេះ​សុ​ត្តា​នុ​លោម១​ ​ចេះ​វិន័យ១​ ​ចេះ​វិ​នយានុ​លោម១​ ​ឈ្លាស​ក្នុង​ហេតុ​ដែល​គួរ​ ​និង​មិន​គួរ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ក៏​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ដែរ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​ចេះ​ធម៌១​ ​មិន​ចេះ​ធម្មា​នុ​លោម​ ​គឺ​មហា​បទេស​ ​ប៉ែក​ខាង​ព្រះ​សូត្រ១​ ​មិន​ចេះ​វិន័យ១​ ​មិន​ចេះ​វិ​នយានុ​លោម១​ ​មិន​ឈ្លាស​ក្នុង​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ចេះ​ធម៌១​ ​ចេះ​ធម្មា​នុ​លោម១​ ​ចេះ​វិន័យ១​ ​ចេះ​វិ​នយានុ​លោម១​ ​ឈ្លាស​ក្នុង​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន​។​ ​

​ចប់​ ​វោហារ​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636804091311371318
ទៅកាន់ទំព័រ៖