ព្រះត្រៃបិដក ភាគ ១៣

 [​២៦៦​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​ធម៌​ប៉ុន្មាន​យ៉ាង​ ​ទុក​ក្នុង​ខ្លួន​ ​ហើយ​ទើប​ចោទ​ភិក្ខុ​ដទៃ​បាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​ធម៌៥យ៉ាង​ ​ទុក​ក្នុង​ខ្លួន​ ​ហើយ​សឹម​ចោទ​ភិក្ខុ​ដទៃ​។​ ​ធម៌៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​កាយសមាចារ​បរិសុទ្ធ​ហើយ​ឬ​ ​អាត្មាអញ​ ​ប្រកបដោយ​កាយសមាចារ​បរិសុទ្ធ​ ​មិន​ធ្លុះធ្លាយ​ ​មិន​មានហេតុ​គួរឲ្យ​គេ​ចាប់ថ្នាក់​បាន​ ​ធម៌​នុ៎ះ​ ​មានដល់​អាត្មាអញ​ដែរ​ឬ​ ​ឬក៏​មិន​មាន​ទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​ភិក្ខុ​មិន​មាន​កាយសមាចារ​បរិសុទ្ធ​ ​មិន​ប្រកបដោយ​កាយសមាចារ​ ​មិន​ធ្លុះធ្លាយ​ ​មិន​ប្រកបដោយ​កាយសមាចារ​ ​ដែល​មិន​មានហេតុ​គួរឲ្យ​គេ​ចាប់ថ្នាក់​បានទេ​ ​គង់មាន​អ្នកផង​ ​និយាយ​ដាស់តឿន​ភិក្ខុ​នោះ​បាន​ថា​ ​នែ​លោក​មាន​អាយុ​ ​ចូរ​លោក​សិក្សា​កាយ​កម្ម​សិន​ ​រមែង​មាន​អ្នកផង​និយាយ​ដាស់តឿន​ ​ដល់​ភិក្ខុ​នោះ​ដូច្នេះ១​។​ ​ម្នាល​ឧបាលិ​ ​អង្គ​ដទៃទៀត​ ​គឺ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​វចីសមាចារ​បរិសុទ្ធ​ហើយ​ឬ​ ​អាត្មាអញ​ ​ប្រកបដោយ​វចីសមាចារ​បរិសុទ្ធ​ ​មិន​ធ្លុះធ្លាយ​ ​មិន​មានហេតុ​គួរឲ្យ​គេ​ចាប់ថ្នាក់​បាន​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636804101048278237
ទៅកាន់ទំព័រ៖