ព្រះត្រៃបិដក ភាគ ១៣
[៤០] ការបិទបាំងមាន៣យ៉ាងគឺ ភិក្ខុបិទបាំងវត្ថុ មិនបិទបាំងអាបត្តិ១ បិទបាំងអាបត្តិ មិនបិទបាំងវត្ថុ១ បិទបាំងទាំងវត្ថុ ទាំងអាបត្តិ១។ គ្រឿងបិទបាំងមាន៣យ៉ាងគឺ គ្រឿងបិទបាំងគឺផ្ទះ ជាទីរក្សាកាយ១ គ្រឿងបិទបាំងគឺទឹក១ គ្រឿងបិទបាំងគឺសម្ពត់១។ វត្ថុ៣យ៉ាង ដែលបិទបាំងទុក ទើបប្រព្រឹត្តទៅស្រួល តែបើកឡើង ប្រព្រឹត្តទៅមិនស្រួល គឺមាតុគ្រាមមានវត្ថុបិទបាំង ទើបប្រព្រឹត្តទៅស្រួល តែមិនមានវត្ថុបិទបាំង ប្រព្រឹត្តទៅមិនស្រួល១ មន្តរបស់ពួកព្រាហ្មណ៍បិទបាំងទុក ទើបប្រព្រឹត្តទៅស្រួល បើកឡើង ប្រព្រឹត្តទៅមិនស្រួល១ មិច្ឆាទិដ្ឋិបិទបាំងទុក ទើបប្រព្រឹត្តទៅស្រួល១ តែបើកឡើង ប្រព្រឹត្តទៅមិនស្រួល១។ វត្ថុ៣យ៉ាងបើកចេញ ទើបរុងរឿង បិទទុក មិនរុងរឿងឡើយ គឺ មណ្ឌលព្រះចន្ទ បើកឡើង ទើបរុងរឿង តែបិទបាំងទុក មិនរុងរឿង១ មណ្ឌលព្រះអាទិត្យ បើកឡើង ទើបរុងរឿង តែបិទបាំងទុក មិនរុងរឿង១ ធម្មវិន័យ ដែលតថាគតសំដែងហើយ បើកឡើង ទើបរុងរឿង បិទបាំងទុក មិនរុងរឿង១។ ការកាន់យកសេនាសនៈ មាន៣យ៉ាងគឺ បុរិមកៈ១ បច្ឆិមកៈ១ អន្តរាមុត្តកៈ១។
[៤១] ភិក្ខុឈឺត្រូវអាបត្តិ ភិក្ខុឥតឈឺ មិនត្រូវអាបត្តិក៏មាន ភិក្ខុមិនឈឺត្រូវអាបត្តិ ភិក្ខុឈឺមិនត្រូវអាបត្តិក៏មាន ទាំងភិក្ខុឈឺ ទាំងភិក្ខុមិនឈឺ ត្រូវអាបត្តិក៏មាន។
ID: 636803451536138267
ទៅកាន់ទំព័រ៖