ឧទ្ទាន គឺបញ្ជីរឿងនៃមុសាវាទវគ្គនោះ ដូច្នេះ
[២៨៤] និយាយអំពីមុសាវាទ១ អំពីសង្ឃត្រូវសង្កត់សង្កិនភិក្ខុ១ អំពីភិក្ខុប្រកបដោយអង្គ៥ដទៃទៀត១ អំពីការសាកសួរ១ អំពីភិក្ខុត្រូវអាបត្តិ១ អំពីភិក្ខុត្រូវអាបត្តិ ដោយអាការ៥ដទៃទៀត១ អំពីពៀរ១ អំពីកិរិយាវៀរ១ អំពីសេចក្តីវិនាស១ អំពីសេចក្តីបរិបូណ៌១ (នេះ) ជាសង្គហវគ្គទីប្រាំពីរ។
[២៨៥] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលភិក្ខុនីសង្ឃត្រូវធ្វើកម្ម។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុបើកកាយបង្ហាញពួកភិក្ខុនី១ បើកភ្លៅបង្ហាញ១ បើកអង្គជាតបង្ហាញ១ បើកចង្កួយស្មាទាំងសងខាងបង្ហាញ១ និយាយល្បួង ឬផ្សំផ្គុំនឹងគ្រហស្ថ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃមិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។