ព្រះត្រៃបិដក ភាគ ១៣
[៣៨៧] ឧបសម្បន្ន មិនបានប្រព្រឹត្តប្រយោគអ្វីមួយ ប្រកបដោយកាយ ទាំងមិនបានពោលនឹងអ្នកដទៃ ដោយវាចា តែឧបសម្បន្ននោះ ត្រូវគរុកាបត្តិ ជាវត្ថុដាច់ចាកភិក្ខុនីភាវៈ(១) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៣៨៨] បុគ្គលមានចិត្តស្ងប់រម្ងាប់ មិនបានធ្វើបាបបន្តិចបន្តួចដោយកាយក្តី វាចាក្តី ចិត្តក្តី បុគ្គលនោះ សង្ឃត្រូវឲ្យវិនាសចេញ ចុះធ្វើដូចម្តេច ទើបឈ្មោះថា ឲ្យវិនាសចេញដោយស្រួល(២) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៣៨៩] ភិក្ខុ កាលមិនចរចានឹងមនុស្សណាមួយ មួយទៀត កាលនឹងបញ្ចេញវាចា ក៏មិនបានពោលចំពោះអ្នកដទៃឡើយ តែភិក្ខុ (នោះ) ត្រឡប់ត្រូវអាបត្តិ ប្រកបដោយវាចា(៣) មិនត្រូវអាបត្តិប្រកបដោយកាយ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
(១) អដ្ឋកថា សំដៅយកភិក្ខុនី ដែលជួយបិទបាំងទោសភិក្ខុនីផងគ្នា។ (២) គឺបុគ្គលដែលជាអភព្វបុគ្គល១១ពួក ចូលមកបួស ទោះបីឥតប្រព្រឹត្តអាក្រក់សោះ ក៏ត្រូវតែឲ្យវិនាសគឺបណ្តេញចេញ។ (៣) គឺភិក្ខុដែលអង្គុយស្តាប់ព្រះបាតិមោក្ខ កាលបើគេសួរចំពោះអាបត្តិ មានពាក្យថា បើលោកមានអាបត្តិ ចូរប្រាប់ដោយច្បាស់លាស់មក ឯភិក្ខុនោះ ទុកជាមានអាបត្តិ ក៏នៅតែស្ងៀមយ៉ាងនោះ ត្រូវសម្បជានមុសាវាទ ព្រោះស្ងៀម។
ID: 636804172096341954
ទៅកាន់ទំព័រ៖