ព្រះត្រៃបិដក ភាគ ១៣
[៣៩២] ជន គឺភិក្ខុ៤រូប បបួលគ្នាលួចគរុភណ្ឌ ឯភិក្ខុ៣រូប ត្រូវអាបត្តិបារាជិក ភិក្ខុ១រូប មិនត្រូវអាបត្តិបារាជិកទេ(១) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៣៩៣] ស្រីនៅខាងក្នុង ភិក្ខុនៅខាងក្រៅ ក្នុងផ្ទះនោះ ឥតប្រហោងសោះ ដូចម្តេចបានជាភិក្ខុត្រូវអាបត្តិបារាជិក(២) ព្រោះសេពមេថុនធម្មជាបច្ច័យ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
(១) ជន៤នាក់ គឺអាចារ្យ១រូប កូនសិស្ស៣រូប ប្រាថ្នានឹងលួចយកគរុភណ្ឌចំនួន៦មាសក ចំណែកអាចារ្យ បង្គាប់កូនសិស្សទាំង៣រូបថា អ្នកទាំងអស់គ្នាចូរយក១មាសកៗម្នាក់ៗ ចំណែកខាងខ្ញុះឯង យក៣មាសក ឯកូនសិស្សទី១ និយាយថា លោកអាចារ្យចូរយក៣មាសកចុះ លោកឯណោះយក១មាសក លោកឯណោះទៀត យក១មាសក ឯខ្លួនខ្ញុំក៏យក១មាសកដែរ កូនសិស្សទី២ ទី៣ ក៏និយាយដូចកូនសិស្សទី១ កូនសិស្សទាំង៣រូប ត្រូវអាបត្តិបារាជិកទាំងអស់គ្នា លោកអាចារ្យត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ កូនសិស្សទាំង៣រូប បានជាត្រូវអាបត្តិបារាជិក ព្រោះបង្គាប់ឲ្យគេយកដល់៥មាសក តែក្នុងអាណត្តិកបយោគ១ ឯអាចារ្យដែលជាអ្នកបង្គាប់ឲ្យសិស្សយកមួយៗមាសកម្នាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ ជាអាណត្តិកបយោគ ដែលយកចំពោះខ្លួន៣មាសកនោះ ក៏ត្រូវអាបត្តិថុល្លច្ច័យដែរ តែជាសហត្ថិកបយោគ។ ឯសាហត្ថិកបយោគ និងអាណត្តិកបយោគនេះ រាប់បញ្ចូលគ្នាមិនបានទេ ដូចជាភិក្ខុលួចដោយសាហត្ថិកបយោគ៣មាសក លួចដោយអាណត្តិកបយោគ៣មាសក ត្រូវជា៣មាសកពីរដង ភិក្ខុនោះត្រូវទោសតែត្រឹមអាបត្តិថុល្លច្ច័យ ព្រោះក្នុងបយោគមួយៗ មិនគ្រប់ចំនួន៥មាសក។ បើលួចដោយសាហត្ថិកៈ១មាសក លួចដោយអាណត្តិកៈ៥មាសក ទើបត្រូវអាបត្តិបារាជិក ព្រោះក្នុងអាណត្តិកបយោគ១នោះ គ្រប់ចំនួន៥មាសក។ ឯលួចដោយសាហត្ថិកបយោគ១មាសកនោះ ត្រូវតែត្រឹមអាបត្តិទុក្កដ។ (២) បានជាត្រូវបារាជិក ព្រោះផ្ទះក្នុងទីនេះ លោកសំដៅយកសំពត់ទេ ព្រោះថាភិក្ខុអាចប្រព្រឹត្តធ្វើមេថុនធម្មទាំងសំពត់បាន។
ID: 636804173218026110
ទៅកាន់ទំព័រ៖