ព្រះត្រៃបិដក ភាគ ១៣
សំដែងនូវនិទាន ហើយសំដែងនូវបារាជិកទាំង៤ សំដែងនូវសង្ឃាទិសេសទាំង១៣ រួចសំដែងអនិយ័តទាំង២ ហើយសូត្រនូវឧទ្ទេស ដែលសល់អំពីអនិយ័តនោះ ដោយសុតបទ នេះជាវិសុទ្ធិទី៤។ (ការសំដែង) ដោយពិស្តារ ចាត់ជាវិសុទ្ធិទី៥។ វិសុទ្ធិ៥យ៉ាងដទៃទៀត គឺឧបោសថ ដែលភិក្ខុធ្វើដោយសំដែងបាតិមោក្ខ១ ឧបោសថដែលភិក្ខុធ្វើដោយប្រាប់បារិសុទ្ធិ១ ឧបោសថដែលភិក្ខុធ្វើដោយអធិដ្ឋាន១ ឧបោសថដែលភិក្ខុធ្វើដោយសេចក្តីព្រមព្រៀងគ្នា១ បវារណា១ ជាគំរប់៥។
[៦៩] ភិក្ខុអ្នកទ្រទ្រង់វិន័យ តែងបានអានិសង្ស៥ប្រការ គឺសីលក្ខន្ធរបស់ខ្លួន ឈ្មោះថា ភិក្ខុនោះបានគ្រប់គ្រងរក្សាដោយល្អ១ ភិក្ខុនោះតែងជាទីពឹងនៃពួកភិក្ខុដែលមានសេចក្តីសង្ស័យជាប្រក្រតី១ ភិក្ខុនោះ ជាអ្នកក្លៀវក្លា និយាយក្នុងកណ្តាលជំនុំសង្ឃ១ ភិក្ខុនោះ រមែងសង្កត់សង្កិនដោយល្អ នូវពួកសត្រូវដោយសហធម៌ គឺសិក្ខាបទដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្តទុក១ ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីញុំាងព្រះសទ្ធម្មឲ្យតាំងនៅមាំ១។ ការបញ្ឈប់បាតិមោក្ខ ដែលមិនប្រកបដោយធម៌ មាន៥ប្រការ។ ការបញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌ មាន៥ប្រការ។
ចប់ បញ្ចកៈ (ពួក៥ៗ)។
ID: 636803463680262872
ទៅកាន់ទំព័រ៖