ព្រះត្រៃបិដក ភាគ ១៤
ព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជអាមាត្យនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះនិគណ្ឋនាដបុត្តនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនជាច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះនិគណ្ឋនាដបុត្តនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះនិគណ្ឋនាដបុត្តហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជអាមាត្យនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។
[៩២] សម័យនោះឯង ជីវកកោមារភត្យអង្គុយស្ងៀម ជិតព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ។ គ្រានោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់មានព្រះរាជឱង្ការនឹងជីវកកោមារភត្យដូច្នេះថា នែជីវកៈជាសំឡាញ់ ចុះហេតុអ្វីបានជាអ្នកស្ងៀម។
ID: 636809394649432998
ទៅកាន់ទំព័រ៖