ព្រះត្រៃបិដក ភាគ ១៤

ជីវក​កោ​មារ​ភ​ត្យ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះមានព្រះភាគ​នេះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ឥឡូវនេះ​ ​ព្រះអង្គ​គង់នៅ​ក្នុង​វត្ត​អម្ពវ័ន​របស់ខ្ញុំ​ព្រះអង្គ​ ​មួយអន្លើ​នឹង​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន១២៥០រូប​ ​ឯ​កិត្តិស័ព្ទ​ដ៏​ពីរោះ​របស់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ឮខ្ចរខ្ចាយ​សុសសាយ​ទៅ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ហើយ​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ចំពោះ​ព្រះអង្គ​ដោយ​ប្រពៃ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​គឺ​សេចក្តី​ចេះដឹង​ ​និង​ក្រឹត្យ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត​ ​ព្រះអង្គ​មានដំណើរ​ល្អ​ ​ទៅកាន់​ព្រះនិព្វាន​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​មិន​មាន​បុគ្គល​ណាមួយ​ស្មើ​ ​ព្រះអង្គ​ ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​សូម​ព្រះ​សម្មតិទេព​ ​ស្តេច​ចូល​ទៅ​រក​ព្រះមានព្រះភាគ​នោះ​ចុះ​ ​កាលបើ​ព្រះ​សម្មតិទេព​ ​ស្តេច​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ហើយ​ ​មុខ​ជា​នឹង​មាន​ព្រះរាជហឫទ័យ​ជ្រះថ្លា​មិនខាន​។​ ​ព្រះរាជា​ ​ទ្រង់​មាន​ព្រះរាជ​បញ្ជា​ថា​ ​នែ​ជីវកៈ​ជា​សំឡាញ់​ ​បើ​ដូច្នោះ​ ​ចូរ​អ្នកឲ្យ​រៀបចំ​យាន​ដំរី​ទាំងឡាយ​ចុះ​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ទទួល​ព្រះរាជ​បញ្ជា​ ​នៃ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636809394949910184
ទៅកាន់ទំព័រ៖