ព្រះត្រៃបិដក ភាគ ១៤

ឆបោក​ ​ដោយ​ភាជន៍មាស​ ​ឆបោក​ដោយ​រង្វាស់​រង្វាល់​(​១​)​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ប្រកប​នូវ​អំពើវៀច​ ​គឺ​ការ​បង្ខុស​បំភាន់​ ​បញ្ឆោត​ ​បោក​ប្រាស​ ​បន្លំ​ដោយ​របស់​ប្លម​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​កាត់​ ​(​នូវ​អវៈយវៈ​ ​មានដៃ​ជាដើម​)​ ​និង​ការ​សម្លាប់​ ​ចង​ ​ធ្វើ​មនុស្ស​ឲ្យ​វង្វេងផ្លូវ​ ​ប្លន់​អ្នកស្រុក​ ​កំហែង​យក​ទ្រព្យ​។​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​

​ចប់​ ​ចូឡ​សីល​


​(​១​)​ ​ការ​ឆបោក​ ​ឬ​បន្លំ​ដោយ​ជញ្ជីង​ ​មាន៤យ៉ាង​ ​គឺ​បន្លំ​ដោយ​រូប១​ ​បន្លំ​ដោយ​អវយវៈ១​ ​បន្លំ​ដោយ​ការ​កាន់​យក១​ ​បន្លំ​ដោយ​ការ​បិទបាំង១​។​ ​អធិប្បាយ​ ​បុគ្គល​ធ្វើ​ជញ្ជីង​ពីរ​ ​មាន​រូប​ប៉ុនគ្នា​ ​ដូចគ្នា​ ​តែ​ធ្ងន់​ស្រាល​ជាង​គ្នា​ ​វេលា​ទិញ​ ​ប្រើ​ជញ្ជីង​ធ្ងន់​ ​វេលា​លក់​ ​ប្រើ​ជញ្ជីង​ស្រាល​ ​ហៅថា​ ​បន្លំ​ដោយ​រូប​ ​គឺ​រូប​ជញ្ជីង​។​ ​វេលា​ទិញ​ ​ថ្លឹង​របស់​ ​យកដៃ​សង្កត់​ជញ្ជីង​ពី​ខាងក្រោយ​ ​វេលា​លក់​ ​យកដៃ​សង្កត់​ជញ្ជីង​ពី​ខាងមុខ​ ​ហៅថា​ ​បន្លំ​ដោយ​អវយវៈ​។​ ​វេលា​ទិញ​ ​ថ្លឹង​របស់​ ​កាន់​ខ្សែ​ជញ្ជីង​ខាង​គល់​ដង​ ​វេលា​លក់​ ​កាន់​ខ្សែ​ខាងចុង​ដង​ ​ហៅថា​ ​បន្លំ​ដោយ​ការ​កាន់​យក​។​ ​ធ្វើ​ដងជញ្ជីង​ឲ្យ​មាន​ប្រហោង​ខាងក្នុង​ ​ហើយ​ច្រក​កំទេច​ដែក​ក្នុង​ប្រហោង​នោះ​ ​វេលា​ទិញ​ ​ធ្វើឲ្យ​ដែក​រត់​មក​ខាងក្រោយ​ ​វេលា​លក់​ ​ធ្វើឲ្យ​ដែក​រត់​មក​ខាងមុខ​ ​ហៅថា​ ​បន្លំ​ដោយ​ការ​បិទបាំង​។​ ​ធ្វើ​ភាជន៍​ដោយ​មាស​សុទ្ធតែ១​ ​ហើយ​ធ្វើ​ភាជន៍​ក្រឡៃ​ជាច្រើន​ ​ឲ្យ​មាន​ពណ៌​ប្រហែលគ្នា​ ​ហើយ​លក់​យក​ថ្លៃ​ស្មើគ្នា​នឹង​មាស​ ​ហៅថា​ ​បន្លំ​ដោយ​មាស​។​ ​វេលា​ទិញ​ ​ប្រើ​រង្វាល់​ធំ​ ​វេលា​លក់​ ​ប្រើ​រង្វាល់​តូច​ ​ហៅថា​ ​បន្លំ​ដោយ​រង្វាល់​។​ ​វេលា​បាន​សំណូក​ ​វាស់ដី​ស្រែចម្ការ​ធំ​ឲ្យ​ទៅជា​តូច​ ​វេលា​មិនបាន​សំណូក​ ​វាស់ដី​តូច​ ​ឲ្យ​ទៅជា​ធំ​ ​ដើម្បីឲ្យ​ចំរើន​ពន្ធ​ ​ឬ​សួយ​ ​ហៅថា​ ​បន្លំ​ដោយ​រង្វាស់​។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636809354389700273
ទៅកាន់ទំព័រ៖