ព្រះត្រៃបិដក ភាគ ១៤
ទ្រង់ស្តេចចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ទ្រង់ឋិតនៅក្នុងទីសមគួរ។ លុះព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ឋិតនៅក្នុងទីសមគួរហើយ ទើបទ្រង់ឆ្មៀងព្រះនេត្រក្រឡេកទតទៅភិក្ខុសង្ឃ ដែលអង្គុយនៅស្ងៀមទាំងអស់ ក៏ទ្រង់បន្លឺនូវឧទានវាចាដ៏ថ្លាស្អាត ដូចជាអន្លង់ទឹកថា ឥឡូវនេះ ភិក្ខុសង្ឃប្រកបដោយសេចក្តីស្ងប់រម្ងាប់ណា សូមឲ្យឧទយភទ្ទកុមារ ជាកូនរបស់អញ ប្រកបដោយសេចក្តីស្ងប់រម្ងាប់នេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជ ព្រះអង្គស្តេចមកដោយជាប់ចំពាក់នឹងសេចក្តីស្រឡាញ់ផង។ ព្រះបាទអជាតសត្តុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ឧទយភទ្ទកុមារ ជាទីស្រឡាញ់របស់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ភិក្ខុសង្ឃ ប្រកបដោយសេចក្តីស្ងប់រម្ងាប់ណា សូមឲ្យឧទយភទ្ទកុមារ ជាកូនរបស់ខ្ញុំព្រះអង្គ ប្រកបដោយសេចក្តីស្ងប់រម្ងាប់នេះផង។
[៩៣] លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ថ្វាយបង្គំព្រះមានព្រះភាគ ហើយប្រណម្យអញ្ជលី ចំពោះភិក្ខុសង្ឃរួចហើយ ក៏គង់ក្នុងទីសមគួរ។ លុះព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ គង់ក្នុងទីសមគួរហើយ ទ្រង់ក្រាបបង្គំទូលព្រះមានព្រះភាគ
ID: 636809402126570665
ទៅកាន់ទំព័រ៖