ព្រះត្រៃបិដក ភាគ ១៤
ត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះនិគណ្ឋនាដបុត្តឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្តដែរ តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ។
[៩៩] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំព្រះអង្គចូលទៅរកគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលនឹងគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត លុះបញ្ចប់នូវពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីដ៏សមគួរហើយ បានផ្តើមពាក្យសួរដូច្នេះ ទៅនឹងគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តថា បពិត្រលោកសញ្ជ័យដ៏ចំរើន ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកសញ្ជ័យដ៏ចំរើន លោកអាចនឹងបញ្ញត្តនូវផល នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត ឆ្លើយពាក្យដូច្នេះ មកនឹងខ្ញុំព្រះអង្គថា បើមហារាជសួរអាត្មាថា លោកខាងមុខមានដែរឬ បើសេចក្តីយល់ឃើញរបស់អាត្មាថា លោកខាងមុខមាន អាត្មាគប្បីដោះស្រាយនូវហេតុនោះ ដល់ព្រះអង្គថា លោកខាងមុខមាន
ID: 636809411243682134
ទៅកាន់ទំព័រ៖