ព្រះត្រៃបិដក ភាគ ១៤
ថា អើហ្ន៎ ហេតុអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចំឡែកពេកណាស់ នេះជាគតិរបស់បុណ្យ នេះជាវិបាករបស់បុណ្យ ព្រោះថាព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ក៏ជាមនុស្ស ឯអាត្មាអញសោត ក៏ជាមនុស្សដែរ ប៉ុន្តែព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ទ្រង់ឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ មានគេបម្រើ ហាក់ដូចជាទេវតា ឯអាត្មាអញ ជាខ្ញុំបម្រើ អ្នកធ្វើរាជការ ជាអ្នកក្រោកឡើងមុន ដេកក្រោយ ជាអ្នកទទួលស្តាប់ ក្នុងកិច្ចការនីមួយ ជាអ្នកប្រព្រឹត្តនូវអំពើជាទីគាប់ចិត្ត ជាអ្នកពោលនូវពាក្យជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) អាត្មាអញគួរធ្វើបុណ្យ ដូចជាបុណ្យព្រះរាជានោះ បើដូច្នោះ មានតែអាត្មាអញកោរសក់ និងពុកមាត់ ពុកចង្កាចេញ ហើយស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ សម័យខាងក្រោយមក បុរសនោះ ក៏កោរសក់ និងពុកមាត់ ពុកចង្កាចេញ ហើយស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ លុះបុរសនោះ បានបួសយ៉ាងនេះហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោសដោយគ្រឿងបរិភោគ និងគ្រឿងស្លៀកដណ្តប់ដ៏ឧត្តម ត្រេកអរចំពោះទីស្ងាត់។ មានបុរស១ពួកទៀត ក្រាបទូល
ID: 636809413432047302
ទៅកាន់ទំព័រ៖