ព្រះត្រៃបិដក ភាគ ១៤
មហារាជយ៉ាងនេះថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមព្រះអង្គជ្រាប បុរសដែលជាខ្ញុំបម្រើ អ្នកធ្វើរាជការរបស់ព្រះអង្គ ជាអ្នកក្រោកឡើងមុន ដេកក្រោយ ជាអ្នកទទួលស្តាប់ពាក្យ ក្នុងកិច្ចការនីមួយ ជាអ្នកប្រព្រឹត្តធ្វើនូវអំពើជាទីគាប់ចិត្ត ជាអ្នកពោលនូវពាក្យជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) បពិត្រព្រះសម្មតិទេព បុរសនោះកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស លុះបុរសនោះ បានបួសយ៉ាងនេះហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោសដោយគ្រឿងបរិភោគ និងគ្រឿងស្លៀកដណ្តប់ដ៏ឧត្តម ត្រេកអរចំពោះទីស្ងាត់។ ចុះមហារាជ គួរពោលយ៉ាងនេះថា អើ បុរសនោះត្រូវចូលមក (នៅក្នុងសំណាក់) អញវិញ ត្រូវមកធ្វើជាខ្ញុំបម្រើអញ អ្នកធ្វើរាជការ ជាអ្នកក្រោកឡើងមុន ដេកក្រោយ ជាអ្នកទទួលស្តាប់ពាក្យ ក្នុងកិច្ចការនីមួយ ជាអ្នកប្រព្រឹត្តធ្វើនូវអំពើជាទីគាប់ចិត្ត ជាអ្នកពោលនូវពាក្យជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) ដូច្នេះដែរឬ។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ មិនមែនដូច្នោះទេ តាមពិត យើងខ្ញុំទាំងឡាយ គួរតែថ្វាយបង្គំបុគ្គលនោះផង គួរតែក្រោកទទួលបុគ្គលនោះផង គួរតែនិមន្ត
ID: 636809413695142350
ទៅកាន់ទំព័រ៖