ព្រះត្រៃបិដក ភាគ ១៤
គួរតែចាត់ចែងការរក្សា ការពារគ្រប់គ្រងដ៏ប្រកបដោយធម៌ ដល់បុរសនោះផង។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ ព្រះអង្គ សំគាល់នូវហេតុនោះដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ឈ្មោះថា មានដែរ ឬមិនមានទេ។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ឈ្មោះថា មានដោយពិត។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ជាគំរប់២ ដែលតថាគត អាចបញ្ញត្តដល់មហារាជបាន។
[១០២] ព្រះរាជាទូលសួរទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដទៃទៀត ដែលរុងរឿងដោយវិសេសផង ដែលថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ទាំងអម្បាលនេះបានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ តថាគតអាចបញ្ញត្តបាន បពិត្រមហារាជ បើដូច្នេះ សូមមហារាជ ទ្រង់ព្រះសណ្តាប់ ធ្វើទុកក្នុងព្រះទ័យឲ្យប្រពៃចុះ តថាគតនឹងពោល។ ឯព្រះបាទអជាតសត្តុវេទេហីបុត្រ ជាធំក្នុងដែនមគធៈ ក៏ទទួលព្រះពុទ្ធដីកា
ID: 636809415007587417
ទៅកាន់ទំព័រ៖