ព្រះត្រៃបិដក ភាគ ១៤
ក្នុងព្រះតថាគត។ លុះបុគ្គលនោះ ប្រកបដោយកិរិយាបានចំពោះនូវជំនឿដូច្នោះហើយ រមែងពិចារណាថា ការនៅគ្រប់គ្រងផ្ទះ ចង្អៀត (ពេកណាស់) ជាផ្លូវនៃធុលី គឺរាគាទិក្កិលេស (មានតែ) បព្វជ្ជា ទើបមានពេលទំនេរច្រើន ព្រហ្មចរិយធម៌នេះ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌គ្រប់គ្រាន់ ឲ្យបរិសុទ្ធស្អាតដូចជាស័ង្ខ ដែលគេខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ សម័យខាងក្រោយមក បុគ្គលនោះ ក៏លះបង់នូវគំនរនៃភោគៈតិចក្តី លះបង់នូវគំនរនៃភោគៈច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ លុះបុគ្គលនោះ បានបួសយ៉ាងនេះហើយ ក៏សង្រួមតាមបាតិមោក្ខសំវរៈ គ្រប់ឥរិយាបថ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ប្រកបដោយកាយកម្ម និងវចីកម្មជាកុសល មានអាជីវៈដ៏បរិសុទ្ធ ជាអ្នកបរិបូណ៌ដោយសីល រក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយ ប្រកបដោយសតិ និងសម្បជញ្ញៈ ជាអ្នកសន្តោស។
ID: 636809415531407378
ទៅកាន់ទំព័រ៖