ព្រះត្រៃបិដក ភាគ ១៤
គឺសន្សំបាយទុក១ សន្សំទឹកទុក១ សន្សំសំពត់ទុក១ សន្សំយានទុក១ សន្សំទីដេកទុក១ សន្សំគ្រឿងក្រអូបទុក១ សន្សំគ្រឿងអាមិសៈទុក១។ ភិក្ខុជាអ្នកវៀរចាកការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១០៦] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះ។ ល្បែងជាសត្រូវ ដល់កុសលធម៌នោះ តើដូចម្តេច។ គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងមហាភារតៈ និងរាមកេរ្តិ៍ជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង៤ខ្លះ គូរគំនូររូបរបាំខ្លះ ល្បែងដុំដែកខ្លះ ល្បែងរ៉ាវខ្លះ ល្បែងលាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់គ្នាខ្លះ កែះជល់គ្នាខ្លះ មានជល់គ្នាខ្លះ ចាបជល់គ្នាខ្លះ ល្បែងគុណដំបងខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ចម្បាំងខ្លះ ទីគេរាប់ពលខ្លះ ទីលំនៅកងទ័ពខ្លះ ទីមើលពួកសេនាដែលប្រកបដោយអង្គ៤ខ្លះ។ ភិក្ខុជាអ្នកវៀរចាកការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
ID: 636809417290257979
ទៅកាន់ទំព័រ៖