ព្រះត្រៃបិដក ភាគ ១៤
[១០៧] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ។ គឺបាស្កាមានក្រឡា៨
(១)ខ្លះ បាស្កាមានក្រឡា១០
(២)ខ្លះ បាស្កាដែលលេងឰដ៏អាកាស
(៣)ខ្លះ ល្បែងវាងផ្លូវដែលគួរវាង
(៤)ខ្លះ ល្បែងផ្ទាត់គ្រាប់ មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កាក្នុងទីលានសម្រាប់លេងខ្លះ ល្បែងហ៊ឹង ឬកូនគោលខ្លះ ល្បែងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ ល្បែងអង្គញ់ខ្លះ ល្បែងផ្លុំប៉ីស្លឹកខ្លះ ល្បែងនង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែងកង្ហារខ្លះ ល្បែងវាល់ដីខ្សាច់ (បាយឡុកបាយឡ)ខ្លះ ល្បែងរថតូចខ្លះ ល្បែងធ្នូតូចខ្លះ ល្បែងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ ល្បែងទាយចិត្ត (ស្តេចចង់)ខ្លះ ល្បែងកំប្លែងត្រាប់គេខ្លះ។ ឯភិក្ខុជាអ្នកវៀរចាកល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។
(១) ចត្រង្គមានក្រឡា៨។ (២) ចត្រង្គមានក្រឡា១០ ន័យខ្លះថា បាយខុំ។ (៣) ចត្រង្គឥតក្តារ លេងតែមាត់ទទេ។ (៤) ប្រហែលជាបិទមុខ បិទពួន។
ID: 636809417862910732
ទៅកាន់ទំព័រ៖