ព្រះត្រៃបិដក ភាគ ១៤
[១០៨] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវឧច្ចាសយនមហាសយនៈ (ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ) មានសភាពដូច្នេះ។ ឧច្ចាសយនមហាសយនៈនោះ តើដូចម្តេច។ គឺអាសនៈដែលខ្ពស់ហួសប្រមាណខ្លះ គ្រែដែលមានជើងវិចិត្រ ដោយរូបសត្វសាហាវខ្លះ ព្រំដែលមានរោមវែងជាងបួនធ្នាប់ខ្លះ កម្រាលដែលធ្វើដោយរោម វិចិត្រដោយរូបសត្វសាហាវខ្លះ កម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានផ្កាដេរដាសខ្លះ កម្រាលដែលញាត់ដោយសំឡីជាប្រក្រតីខ្លះ កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវ មានសីហៈ និងខ្លាធំជាដើមខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងតែម្ខាងខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងទាំងសងខាងខ្លះ កម្រាលដែលធ្វើដោយឌិនខ្សែសយមាស និងសូត្រ ចាក់ស្រែះដោយរតនវត្ថុ មានមាសជាដើមខ្លះ កម្រាលដែលធ្វើដោយសរសៃសូត្រ ចាក់ស្រែះដោយរតនវត្ថុខ្លះ កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបានខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងដំរីខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងសេះខ្លះ
ID: 636809418189329403
ទៅកាន់ទំព័រ៖