ព្រះត្រៃបិដក ភាគ ១៤
និយាយក្រោយ អ្នកត្រឡប់ជានិយាយមុនវិញ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរអង្វែងហើយ ទោសក្នុងសំដីរបស់អ្នក ខ្ញុំបានលើកឡើងហើយ អ្នកជាមនុស្ស ត្រូវខ្ញុំសង្កត់សង្កិនបាន អ្នកចូរទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងសំដី ឬបើអ្នកអាច ចូរអ្នកដោះស្រាយឲ្យរួចទោសចុះ។ ភិក្ខុជាអ្នកវៀរចាកពាក្យប្រណាំងប្រជែង មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១១២] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពយ៉ាងនេះ។ ទូតកម្មជាដើមនោះ តើដូចម្តេចខ្លះ។ គឺពាក្យដែលស្តេច មហាមាត្យរបស់ស្តេច ក្សត្រិយ៍ ព្រាហ្មណ៍ គហបតិ ឬកុមារក្តី បញ្ជូនទៅថា លោកចូរទៅក្នុងទីនេះ ដូច្នេះក្តី លោកចូរទៅក្នុងទីឯណោះ ដូច្នេះក្តី លោកចូរនាំយករបស់នេះទៅ ដូច្នេះក្តី លោកចូរនាំយករបស់នេះ មកអំពីទីឯណោះមក ដូច្នេះក្តី។ ភិក្ខុជាអ្នកវៀរចាកការប្រកបរឿយៗ នូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
ID: 636809419508234840
ទៅកាន់ទំព័រ៖