ព្រះត្រៃបិដក ភាគ ១៤

 [​១២០​]​ ​ម្យ៉ាងទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​ ​។​ ​គឺ​ការ​បន់ស្រន់​ខ្លះ​ ​ការ​លាបំណន់​ខ្លះ​ ​ធ្វើ​មន្ត​សម្រាប់​ការពារ​បិសាច​ខ្លះ​ ​ធ្វើ​មន្ត​សម្រាប់​ការពារ​ផ្ទះ​ខ្លះ​ ​ធ្វើ​ខ្ទើយ​ឲ្យ​ដូចជា​បុរស​ខ្លះ​ ​ធ្វើ​បុរស​ឲ្យ​ដូចជា​ខ្ទើយ​ខ្លះ​ ​ធ្វើ​ពីធី​សង់ផ្ទះ​លើ​ទី​ដី​ ​ដែល​មិនធ្លាប់​បាន​ធ្វើ​ខ្លះ​ ​ធ្វើ​ពលិកម្ម​នៅ​ទី​ដី​ដែល​សង់ផ្ទះ​ខ្លះ​ ​ជំរះ​មុខ​ឲ្យ​ស្អាត​ដោយ​ទឹក​ឲ្យ​គេ​ខ្លះ​ ​បង្កក់​ប្រសិទ្ធិ៍​ឲ្យ​គេ​ខ្លះ​ ​បូជា​ភ្លើង​ឲ្យ​គេ​ខ្លះ​ ​ធ្វើថ្នាំ​សម្រាប់​ឲ្យ​ក្អួត​ខ្លះ​ ​ធ្វើថ្នាំ​បញ្ចុះ​ខ្លះ​ ​ធ្វើថ្នាំ​កំចាត់​បង់​នូវ​ទោស​ខាងលើ​ខ្លះ​ ​ធ្វើថ្នាំ​កំចាត់​បង់​នូវ​ទោស​ខាងក្រោម​ខ្លះ​ ​ធ្វើថ្នាំ​កំចាត់​បង់​នូវ​ទោស​ក្នុង​ក្បាល​ខ្លះ​ ​ស្ល​ប្រេង​សម្រាប់​បន្តក់​ត្រចៀក​ខ្លះ​ ​ធ្វើថ្នាំ​សម្រាប់​ស្អំ​ភ្នែក​ខ្លះ​ ​ធ្វើថ្នាំ​សម្រាប់​ហិត​ខ្លះ​ ​ធ្វើថ្នាំ​សម្រាប់​លាប​បង្កាត់​ខ្លះ​ ​ធ្វើថ្នាំ​ត្រជាក់​សម្រាប់​លាប​ស្រលាប​ខ្លះ​ ​ធ្វើ​វេជ្ជកម្ម​រក្សា​ភ្នែក​ខ្លះ​ ​ធ្វើ​ពេទ្យ​វះ​ខ្លះ​ ​ធ្វើ​ពេទ្យ​រក្សា​ក្មេង​ខ្លះ​ ​ដាក់ថ្នាំ​ក្រោយ​ ​ឲ្យ​ជួយកំឡាំង​ថ្នាំ​មុន​ខ្លះ​ ​លាង​ថ្នាំ​ដើម​ចេញ​ខ្លះ​(​១​)​ ​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​ដែរ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​កាលបើ​មា​នដ​ម្បៅ​ ​ដាក់ថ្នាំ​ ​មាន​ថ្នាំ​ផ្សា​ជាដើម​ ​ក្នុង​ដម្បៅ​នោះ​ ​កាល​បើ​ដម្បៅ​ស្រួល​សមគួរ​ហើយ​ ​ក៏​នាំ​យក​ថ្នាំ​នោះ​ចេញ​។​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636809422321515750
ទៅកាន់ទំព័រ៖