ព្រះត្រៃបិដក ភាគ ១៤
[១២១] បពិត្រមហារាជ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តីសង្រួមក្នុងសីល ភិក្ខុនោះឯងបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនបានឃើញនូវភ័យនោះ អំពីទីណាមួយឡើយ។ បពិត្រមហារាជ ប្រៀបដូចជាភ័យណា ដែលគប្បីកើតអំពីសត្រូវ ក្សត្រិយ៍ដែលបានមុទ្ធាភិសេក
(១) ហើយ កំចាត់បង់នូវពួកសត្រូវអស់ហើយ រមែងមិនបានឃើញភ័យនោះ អំពីទីណាមួយឡើយ ដូចម្តេចមិញ បពិត្រមហារាជ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តីសង្រួមក្នុងសីល ភិក្ខុអ្នកបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនបានឃើញនូវភ័យនោះ អំពីទីណាមួយឡើយ ដូច្នោះឯង។ ភិក្ខុនោះ បើបានប្រកបដោយសីលក្ខន្ធ ជារបស់ព្រះអរិយៈនេះហើយ រមែងទទួលនូវសេចក្តីសុខ ដែលមិនមានទោសក្នុងសន្តានចិត្តនៃខ្លួន។ បពិត្រមហារាជ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង។
ចប់ មហាសីល។
(១) ព្រះរាជាដែលគេបានអភិសេក ស្រោចទឹកលើព្រះសិរ្ស ឲ្យសោយរាជ្យរួចហើយ។
ID: 636809422712558116
ទៅកាន់ទំព័រ៖