ព្រះត្រៃបិដក ភាគ ១៤
ចេញទៅក្នុងទិសណាៗ តែងកាន់យក (នូវបរិក្ខារ) ប៉ុណ្ណោះ ហើយចៀសចេញទៅ (ក្នុងទិសនោះៗ)។ បពិត្រមហារាជ ប្រៀបដូចសត្វសកុណជាតិ មានស្លាប ទោះហើរទៅក្នុងទិសណាៗ រមែងមានស្លាបរបស់ខ្លួនជាភារៈប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ បពិត្រមហារាជ ភិក្ខុជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ ភិក្ខុនោះ ទោះបីចៀសចេញទៅក្នុងទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារ) ប៉ុណ្ណោះ ហើយចៀសចេញទៅ (ក្នុងទិសនោះៗ) ដូច្នោះឯង។ បពិត្រមហារាជ ភិក្ខុជាអ្នកសន្តោស ដោយប្រការដូច្នេះឯង។
[១២៥] ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយឥន្ទ្រិយសំវរៈ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយសេចក្តីសន្តោស ជារបស់ព្រះអរិយៈនេះផង ត្រូវការទីសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃស្បាត ទីវាល ទីគំនរចំបើង។ លុះភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ពត់ភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ រមែងលះបង់នូវអភិជ្ឈាក្នុងលោក នៅដោយចិត្តគ្មានអភិជ្ឈា ជំរះចិត្តឲ្យស្អាត ចាកអភិជ្ឈា
ID: 636809423950418918
ទៅកាន់ទំព័រ៖