ព្រះត្រៃបិដក ភាគ ១៤
នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ស្មៅយាប្លងដោយឡែក បណ្តូលដោយឡែក តែជាបណ្តូលដែលអាត្មាអញចាក់បញ្ចេញមកអំពីស្មៅយាប្លងហ្នឹងឯង យ៉ាងណា យ៉ាងណាមិញ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសហូតដាវចេញអំពីស្រោម បុរសនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាដាវ នេះជាស្រោម ដាវផ្សេង ស្រោមផ្សេង តែជាដាវដែលអាត្មាអញហូតចេញមកអំពីស្រោមហ្នឹងឯង យ៉ាងណាមិញ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរស ទាញយកសត្វពស់ចេញអំពីស្រោម បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាពស់ នេះជាស្រោម សត្វពស់ផ្សេង ស្រោមផ្សេង តែជាពស់ដែលអាត្មាអញ ទាញចេញមកអំពីស្រោមហ្នឹងឯង យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់នូវភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្តបាន យ៉ាងនោះឯង។ ភិក្ខុនោះ រមែងនិម្មិតនូវកាយផ្សេង ចេញអំពីកាយនេះ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំ និងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ។ បពិត្រមហារាជ នេះឯងជាផល
ID: 636809427816590050
ទៅកាន់ទំព័រ៖