ព្រះត្រៃបិដក ភាគ ១៤
ដោយដៃក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន បពិត្រមហារាជ ប្រៀបដូចជាស្មូនឆ្នាំងក្តី អន្តេវាសិកនៃស្មូនឆ្នាំងក្តី ដែលឈ្លាសវៃ កាលបើដីស្អិតដែលគេច្របាច់ល្អហើយ បើចង់ធ្វើនូវភាជន៍ដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចទៅជាភាជន៍នោះៗបាន យ៉ាងណាមិញ បពិត្រមហារាជ មួយទៀត ជាងភ្លុកក្តី អន្តេវាសិករបស់ជាងភ្លុកក្តី ដែលឈ្លាសវៃ កាលបើភ្លុកដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកនោះៗបាន យ៉ាងណាមិញ បពិត្រមហារាជ មួយវិញទៀត ជាងមាសក្តី អន្តេវាសិករបស់ជាងមាសក្តី ដែលឈ្លាសវៃ កាលបើមាសដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកនោះៗបាន យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីតាក់តែងនូវឫទ្ធិបាន យ៉ាងនោះឯង។ ភិក្ខុនោះ រមែងទទួលចំពោះនូវការតាក់តែងឫទ្ធិ មានប្រការច្រើនបាន
ID: 636809428351620652
ទៅកាន់ទំព័រ៖