ព្រះត្រៃបិដក ភាគ ១៤
ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ។ ឯព្រហ្មទត្តមាណព ដែលជាកូនសិស្ស របស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ។ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំងពីរនាក់ គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នា ដោយត្រង់ (ឥតមានបញ្ចៀសវាសវាង) ហើយដើរជាប់តាមក្រោយៗ ព្រះមានព្រះភាគ និងភិក្ខុសង្ឃទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅគង់នៅក្នុងរាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅអស់មួយរាត្រី ជាមួយនឹងភិក្ខុសង្ឃ។ ឯសុប្បិយបរិព្វាជក ក៏បានចូលទៅនៅក្នុងរាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅអស់មួយរាត្រី ជាមួយនឹងព្រហ្មទត្តមាណព ដែលជាកូនសិស្សដែរ។ ក្នុងរឿងនោះ បានឮថា សុប្បិយបរិព្វាជក ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ។ ឯព្រហ្មទត្តមាណព ជាកូនសិស្ស របស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ។
ID: 636809350568421708
ទៅកាន់ទំព័រ៖