ព្រះត្រៃបិដក ភាគ ១៤

អ្នក​នឹង​បាន​ឈ្មោះថា​ ​ចេះដឹង​ធម៌​វិន័យ​នេះ​ដូចម្តេច​បាន​ ​អ្នកជា​អ្នកប្រតិបត្តិ​ខុស​ ​ខ្ញុំ​ទើប​ជា​អ្នកប្រតិបត្តិ​ត្រឹមត្រូវ​។​ ​ពាក្យ​របស់ខ្ញុំ​ ​ទើប​ប្រកបដោយ​ប្រយោជន៍​ ​ពាក្យ​របស់​អ្នក​ ​មិន​ប្រកបដោយ​ប្រយោជន៍​ទេ​។​ ​សំដី​ដែលគេ​ត្រូវ​និយាយ​មុន​ ​អ្នក​យក​មក​និយាយ​ក្រោយ​វិញ​។​ ​សំដី​ដែលគេ​ត្រូវ​និយាយ​ក្រោយ​ ​អ្នក​យក​មក​និយាយ​មុន​វិញ​។​ ​ពាក្យផ្ទុយ​អ្នក​ប្រព្រឹត្ត​មក​ជា​យូរអង្វែង​ហើយ​(​១​)​ ​។​ ​ទោស​ក្នុង​សំដី​របស់​អ្នក​ ​ខ្ញុំ​បាន​លើកឡើង​ហើយ​។​ ​អ្នកជា​មនុស្ស​ ​ត្រូវ​ខ្ញុំ​សង្កត់សង្កិន​បាន​ហើយ​។​ ​អ្នក​ចូរ​ទៅ​សិក្សា​ ​ដើម្បី​ដោះស្រាយ​នូវ​ទោស​ក្នុង​សំដី​ ​ឬ​បើ​អ្នក​អាច​ ​ចូរ​អ្នក​ដោះស្រាយ​ឲ្យ​រួច​ទោស​ចុះ​។​ ​ឯ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ហើយ​ ​ចាក​ពាក្យ​ពោល​ប្រណាំងប្រជែង​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
 ​[​១៧​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​រមែង​ប្រក​បរឿយៗ​នូវ​ទូត​កម្ម​ ​គឺ​នាំ​សំបុត្រ​ ​ឬពាក្យ​បណ្តាំ​នៃ​គ្រហស្ថ​ ​ឬទៅ​ដោយ​គេ​បញ្ជូន​អំពី​ផ្ទះ​មួយ​ ​ទៅផ្ទះ​មួយ​ ​មាន​សភាព​យ៉ាងនេះ​។​ ​
​(​១​)​ ​អដ្ឋកថា​ថា​ ​ពាក្យ​ណា​ដែល​ស្ទាត់​ល្អ​ ​ដោយ​អ្នក​ប្រព្រឹត្ត​មក​ជា​យូរអង្វែង​ ​ពាក្យ​នោះ​ខុសទាស់​ ​ផ្ទុយ​នឹង​ពាក្យ​យើង​តែ១ម៉ាត់​ ​អ្នក​មិនដឹង​ឡើយ​។​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636809357765763372
ទៅកាន់ទំព័រ៖