ព្រះត្រៃបិដក ភាគ ១៤
ពាក្យនេះ នឹងព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន ត្រាស់ហើយនូវពាក្យនុ៎ះដូចម្តេច សូមព្រះគោតមដ៏ចំរើន ត្រាស់ម្តងទៀត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា ពួកកណ្ហាយនគោត្រ កើតមកពីណា អ្នកណា ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលខ្ញុំធ្លាប់បានឮមក ដូចព្រះគោតមដ៏ចំរើន បានត្រាស់ហើយថា កណ្ហាយនគោត្រទាំងឡាយ កើតមកអំពីត្រកូលនោះ កណ្ហកុមារនោះហើយ ដែលជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ ដូច្នោះដែរ។
[១៥៣] កាលបើអម្ពដ្ឋមាណព ពោលយ៉ាងនេះហើយ មាណពទាំងនោះ ក៏បន្លឺសំឡេងគឹកកងរំពងថា ម្នាលគ្នាយើង អម្ពដ្ឋមាណព ជាមនុស្សមានជាតិទន់ទាបទេតើ ម្នាលគ្នាយើង អម្ពដ្ឋមាណព មិនមែនជាកូននៃអ្នកមានត្រកូលទេតើ ម្នាលគ្នាយើង អម្ពដ្ឋមាណព ជាកូននៃទាសីរបស់ពួកសក្យៈទេតើ ម្នាលគ្នាយើង ពួកសក្យៈ ជាម្ចាស់នៃអម្ពដ្ឋមាណពទេតើ ព្រះសមណគោតម ជាអ្នកពោលត្រឹមត្រូវពិត យើងទាំងឡាយ បែរជាស្មានថា ព្រះសមណគោតម ជាបុគ្គលដែលយើងគប្បីរុករានទៅវិញ។
ID: 636809450658986561
ទៅកាន់ទំព័រ៖