ព្រះត្រៃបិដក ភាគ ១៤
[១៦៨] ម្នាលអម្ពដ្ឋបោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យរបស់អ្នក បានពោលពាក្យនេះថា ពួកសមណៈត្រងោលណាមួយ ធ្លាប់ជាត្រកូលគហបតី ជាកណ្ហគោត្រ កើតអំពីព្រះបាទនៃមហាព្រហ្ម ពួកព្រាហ្មណ៍ដែលបានត្រៃវិជ្ជា និងសាកច្ឆាដូចម្តេចបាន។ ខ្លួនឯង សូម្បីតែនឹងបំពេញវត្ត ដែលជាផ្លូវសាបសូន្យចាក (វិជ្ជា) ក៏នៅមិនទាន់គ្រប់គ្រាន់។ ម្នាលអម្ពដ្ឋ អ្នកចូរមើលកំហុសប៉ុណ្ណេះ របស់បោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យនៃអ្នកចុះ។ ម្នាលអម្ពដ្ឋ បោក្ខរសាតិព្រាហ្មណ៍ បានបរិភោគនូវវត្ថុដែលទ្រង់ប្រោសព្រះរាជទាននៃព្រះបាទបសេនទិកោសល តែព្រះបាទបសេនទិកោសល ទ្រង់មិនបានព្រះរាជទាន ដល់ព្រាហ្មណ៍នោះ ចំពោះព្រះភក្ត្រទេ សូម្បីតែក្នុងវេលា ដែលទ្រង់ប្រឹក្សាជាមួយនឹងព្រាហ្មណ៍នោះ តែងប្រឹក្សាពីខាងក្រៅព្រះសាណិ (រនាំង)។ ម្នាលអម្ពដ្ឋ ព្រាហ្មណ៍ណា ដែលគួរទទួលនូវភិក្ខា ដែលគេនាំមកថ្វាយ ប្រកបដោយធម៌ហើយ ចុះហេតុដូចម្តេច បានជាព្រះបាទបសេនទិកោសល ទ្រង់មិនព្រះរាជទានដល់ព្រាហ្មណ៍នោះ ចំពោះព្រះភក្ត្រខ្លះ។ ម្នាលអម្ពដ្ឋ អ្នកចូរមើលកំហុសប៉ុណ្ណេះ របស់បោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យរបស់អ្នកចុះ។
ID: 636809454944141658
ទៅកាន់ទំព័រ៖