ព្រះត្រៃបិដក ភាគ ១៤
លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះសមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ ដ៏បរិបូណ៌មែន មិនមែនខ្វះខាតទេ។ គាត់ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃនេះ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ កាលបើបោក្ខរសាតិព្រាហ្មណ៍ បានដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏បង្គាប់ឲ្យគេក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលដល់ហើយ ភត្តក៏សម្រេចហើយ។
[១៧៦] វេលានោះ ក្នុងបុព្វណ្ហសម័យ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ស្តេចចូលទៅកាន់លំនៅនៃបោក្ខរសាតិព្រាហ្មណ៍ ព្រមដោយព្រះភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ កាលនោះ បោក្ខរសាតិព្រាហ្មណ៍ បានអង្គាសព្រះមានព្រះភាគ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ចំណែកពួកមាណព ក៏អង្គាសភិក្ខុសង្ឃឲ្យឆ្អែតស្កប់ស្កល់។ កាលបើបោក្ខរសាតិព្រាហ្មណ៍ ដឹងថា ព្រះមានព្រះភាគ សោយរួចហើយ លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យក
ID: 636809458750049343
ទៅកាន់ទំព័រ៖