ព្រះត្រៃបិដក ភាគ ១៤

សោ​ណ​ទណ្ឌ​សូត្រ​ ​ទី៤​


 ​[​១៧៨​]​ ​(​សូត្រ​នេះ​)​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​អង្គ​ជនបទ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៥០០រូប​ ​បាន​ស្តេច​ទៅដល់​ក្រុង​ចម្បា​(​១​)​ ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ទៀប​ឆ្នេរ​នៃ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​គ​គ្គ​រា​(​២​)​ ​ជិត​ក្រុង​ចម្បា​នោះ​។​ ​
 [​១៧៩​]​ ​សម័យ​នោះ​ឯង​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​អាស្រ័យ​នៅក្នុង​ក្រុង​ចម្បា​ ​ដែល​ជា​ក្រុង​កុះករ​ ​ដោយ​មនុស្សសត្វ​ ​បរិបូណ៌​ដោយ​ស្មៅ​ ​ឈើ​ ​និង​ទឹក​ ​ព្រមទាំង​ធញ្ញជាតិ​ ​ជា​ព្រះរាជទ្រព្យ​ ​ដែល​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់ប្រទាន​ ​ជា​រាជ​រង្វាន់​ដ៏​ប្រសើរ​។​ ​ព្រាហ្មណ៍​ ​និង​គហបតិ​ទាំងឡាយ​អ្នកក្រុង​ចម្បា​ ​បានឮ​ថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ហើយ​ ​ទ្រង់​ពុទ្ធដំណើរ​មកកាន់​ចារិក​ក្នុង​ដែន​អង្គៈ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៥០០រូប​ ​ទ្រង់​ពុទ្ធដំណើរ​ ​
​(​១​)​ ​ដីកា​ពន្យល់​ថា​ ​នគរ​នោះ​ ​បាន​ជា​ឈ្មោះ​ដូច្នោះ​ ​ព្រោះ​មាន​ដើម​ចម្បា​ដុះ​ជាច្រើន​ ​តាំងពី​កាលដែល​សាង​នគរ​នោះ​មក​។​ ​(​២​)​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​ស្រះ​នោះ​ ​បាន​ជា​ឈ្មោះ​ដូច្នោះ​ ​ព្រោះ​ព្រះរាជ​មហេសី​ព្រះនាម​ ​គ​គ្គ​រា​ ​ឲ្យ​ជីក​ជិត​ក្រុង​ចម្បា​នោះ​ ​នៅ​ជុំវិញ​ឆ្នេរ​ស្រះ​នោះ​ ​មាន​ព្រៃ​ចម្បា​ដ៏​ធំ​ ​ប្រដាប់ដោយ​ដើមឈើ​មាន​ផ្កា៥ពណ៌​ ​មាន​ពណ៌ខៀវ​ជាដើម​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636809460087345832
ទៅកាន់ទំព័រ៖