ព្រះត្រៃបិដក ភាគ ១៤
ក៏ឯសោណទណ្ឌដ៏ចំរើន ជាឧភតោសុជាត ខាងមាតា និងខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពីតំណនៃជីដូនជីតា៧ជួរមក មិនដែលមាននរណាមួយ ពោលតិះដៀល ដោយពោលដល់ជាតិកំណើតបាន ហេតុនេះ បានជាសោណទណ្ឌដ៏ចំរើន មិនគួរចូលទៅជួប នឹងព្រះសមណគោតមឡើយ ព្រះសមណគោតមទេតើ ទើបគួរចូលមកជួបសោណទណ្ឌដ៏ចំរើនវិញ ប្រការមួយទៀត សោណទណ្ឌដ៏ចំរើន ជាអ្នកស្តុកស្តម្ភ មានទ្រព្យសម្បត្តិច្រើន មានគ្រឿងប្រើប្រាស់ច្រើន។បេ។ ប្រការមួយទៀត សោណទណ្ឌដ៏ចំរើន ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់បទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺជាអ្នកបច្ចេកទេស ស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ប្រការមួយទៀត សោណទណ្ឌដ៏ចំរើន មានរូបល្អ គួរពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មានសម្បុរដ៏ប្រសើរ មានសរីរៈស្រដៀងនឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង
ID: 636809462175855288
ទៅកាន់ទំព័រ៖