ព្រះត្រៃបិដក ភាគ ១៤
ប្រការមួយទៀត សោណទណ្ឌដ៏ចំរើន នៅគ្រប់គ្រងក្រុងចម្បា ដែលជាក្រុងកុះករ ដោយប្រជាជន និងសត្វ សម្បូណ៌ដោយស្មៅ ឈើ និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាព្រះរាជទ្រព្យ ដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ព្រះរាជទានឲ្យ ជាព្រះរាជបំណាច់ដ៏ប្រសើរ ប្រការមួយទៀត សោណទណ្ឌដ៏ចំរើន នៅគ្រប់គ្រងក្រុងចម្បា ដែលជាក្រុងកុះករ ដោយប្រជាជន និងសត្វ ព្រមទាំងស្មៅ ឈើ ទឹក បរិបូណ៌ដោយធញ្ញាហារ ជាព្រះរាជទ្រព្យ ដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ព្រះរាជទានឲ្យ ជាព្រះរាជបំណាច់ដ៏ប្រសើរ ព្រោះហេតុនេះ ទើបថា សោណទណ្ឌដ៏ចំរើន មិនគួរចូលទៅជួបនឹងព្រះសមណគោតមឡើយ ព្រះសមណគោតមទេតើ ទើបគួរចូលមកជួបនឹងសោណទណ្ឌដ៏ចំរើនវិញ។
[១៨២] កាលដែលពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ សោណទណ្ឌព្រាហ្មណ៍ បាននិយាយនឹងព្រាហ្មណ៍ទាំងនោះដូច្នេះថា នែអ្នកទាំងឡាយដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយស្តាប់ខ្ញុំសិន ដូចយ៉ាងយើង គួរនឹងចូលទៅជួបនឹងព្រះគោតមដ៏ចំរើននោះដោយពិត ឯព្រះគោតមដ៏ចំរើននោះ មិនគួរនឹងចូលមកជួបនឹងយើងទេ បានឮថា ព្រះសមណគោតមដ៏ចំរើន ជាឧភតោសុជាត អំពីខាងព្រះមាតា និងខាងព្រះបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពីតំណនៃជីដូនជីតា៧ជួរមកដែរ មិនដែលមាននរណាមួយ ពោលទោស តិះដៀល ដោយពោលដល់ជាតិកំណើតឡើយ ព្រះសមណគោតមដ៏ចំរើន ជាឧភតោសុជាត អំពីខាងព្រះមាតា និងខាងព្រះបិតា កើតអំពីផ្ទៃ
ID: 636809462840893326
ទៅកាន់ទំព័រ៖