ព្រះត្រៃបិដក ភាគ ១៤
ព្រះសមណគោតមដ៏ចំរើន ទ្រង់ចេញចាកត្រកូលដ៏ស្តុកស្តម្ភ មំាមួនមានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មកទ្រង់ព្រះផ្នួស បានឮថា ពួកមនុស្សដែលនៅក្នុងដែនដទៃ ក្នុងជនបទដទៃ នាំគ្នាមកសាកសួរ (ប្រស្នា) នឹងព្រះសមណគោតម បានឮថា ពួកទេវតាច្រើនពាន់ បានដល់នូវព្រះសមណគោតម ជាសរណៈស្មើដោយជីវិត បានឮថា កិត្តិសព្ទដ៏ពីរោះ សរសើរព្រះគោតម ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាសារថី អ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងត្រឡប់មកកាន់ភពថ្មីទៀត បានឮថា ព្រះសមណគោតមដ៏ចំរើន ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ បានឮថា ព្រះសមណគោតមដ៏ចំរើន រមែងមានព្រះវាចារាក់ទាក់ថា អ្នកចូរមកចុះ មកល្អហើយ ទ្រង់មានព្រះវាចាទន់ ទ្រង់ឈ្លាសវៃក្នុងការទទួលរាក់ទាក់
ID: 636809463583515802
ទៅកាន់ទំព័រ៖