ព្រះត្រៃបិដក ភាគ ១៤

តើ​ដូចម្តេច​។​ ​គឺ​វិធី​រៀប​អាវាហមង្គល​ខ្លះ​(​១​)​ ​វិធី​រៀប​វិវាហមង្គល​ខ្លះ​(​២​)​ ​វិធី​ធ្វើឲ្យ​ព្រមព្រៀង​គ្នា​ ​(​ស្នេហ៍​)​ខ្លះ​ ​វិធី​ធ្វើឲ្យ​ព្រាត់ប្រាស​គ្នា​ ​(​បង់ចំណែង​)​ខ្លះ​ ​វិធី​ប្រមូល​ទ្រព្យ​ខ្លះ​ ​វិធី​ប្រកប​ជំនួញ​ខ្លះ​ ​វិធី​ធ្វើឲ្យ​ចូលចិត្ត​ស្រឡាញ់​គ្នា​ ​ឬ​ធ្វើឲ្យ​មាន​សិរី​ខ្លះ​ ​វិធី​ធ្វើឲ្យ​ស្អប់គ្នា​ខ្លះ​ ​វិធី​ធ្វើ​គភ៌​ដែល​បំរុង​នឹង​វិនាស​ ​មិន​ឲ្យ​វិនាស​ខ្លះ​ ​វិធី​ចង​អណ្តាត​ឲ្យ​រឹង​ដោយ​មន្ត​ខ្លះ​ ​វិធី​ចង​ចង្កា​ឲ្យ​រឹង​ខ្លះ​ ​វិធី​សូត្រ​របៀន​ ​ដើម្បី​ផ្លាស់​ប្តូរ​ដៃ​ខ្លះ​ ​វិធី​សូត្រ​របៀន​ដើម្បី​មិន​ឲ្យ​ឮ​សំឡេង​ដោយ​ត្រចៀក​ខ្លះ​(​៣​)​ ​ប្រស្នា​កញ្ចក់​ ​គឺ​មន្ត​ខាប​យក​ទេវតា​ឲ្យ​មក​នៅនឹង​កញ្ចក់​ ​ហើយ​សួរ​ប្រស្នា​ខ្លះ​ ​ប្រស្នា​កុមារី​ ​គឺ​មន្ត​បញ្ចូល​ទេវតា​ក្នុង​សរីរៈ​នៃ​កុមារី​ ​ហើយ​សួរ​ប្រស្នា​ខ្លះ​ ​ប្រស្នា​ទេវតា​ ​គឺ​មន្ត​បញ្ចូល​ទេវតា​ ​ក្នុង​សរីរៈ​នៃ​ទាសី​ ​ហើយ​សួរ​ប្រស្នា​ខ្លះ​ ​វិធី​បម្រើ​ព្រះអាទិត្យ​ខ្លះ​ ​វិធី​បម្រើ​មហាព្រហ្ម​ខ្លះ​ ​វិធី​បញ្ចេញ​ភ្លើង​អំពី​មាត់​ដោយ​មន្ត​ខ្លះ​ ​វិធី​ហៅ​សិរី​ឲ្យ​មក​ឋិត​ក្នុង​សរីរៈ​ខ្លះ​។​ ​ឯ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ចាក​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​មាតាបិតា​ខាង​ប្រុស​ ​នាំ​យក​នាង​ទារិកា​អំពី​ត្រកូល​ដទៃ​ ​មក​រៀបការ​ឯ​ផ្ទះ​របស់​ខ្លួន​ ​ហៅថា​ ​អាវាហមង្គល​។​ ​(​២​)​ ​មាតាបិតា​ខាង​ស្រី​ ​រៀបចំ​បញ្ជូន​កូនស្រី​ខ្លួន​ ​ឲ្យ​ទៅកាន់​ត្រកូល​ប្តី​ ​ហៅថា​ ​វិវាហមង្គល​។​ ​មានន័យ​ផ្សេងទៀត​ថា​ ​បើ​ស្រី​មក​ការ​ឯ​ផ្ទះ​ប្រុស​ ​ហៅថា​ ​អាវាហៈ​ ​បើ​ប្រុស​ទៅ​ការ​ឯ​ផ្ទះ​ស្រី​ ​ហៅថា​ ​វិវាហៈ​។​ ​(​៣​)​ ​បុគ្គល​សូត្រ​របៀន​នោះ​ក្នុង​សាលា​ក្តី​ ​ចង់និយាយ​ពាក្យ​ណា​ ​ក៏​និយាយ​ពាក្យ​នោះ​ទៅ​ ​អ្នក​គូក្តី​ម្ខាង​ស្តាប់​មិនឮ​ ​ក៏​មិន​អាច​នឹង​និយាយ​ឆ្លើយឆ្លង​បាន​។​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636809361285524691
ទៅកាន់ទំព័រ៖