ព្រះត្រៃបិដក ភាគ ១៤
យសរបស់បុគ្គលណា ដែលសាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ គប្បីសាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស មួយទៀត បើព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញ ៗ មុខជានឹងធ្វើព្រះទ័យរបស់ព្រះអង្គ ឲ្យត្រេកអរដោយបញ្ហាវេយ្យាករណ៍នោះមិនបានទេ បើព្រះសមណគោតម ពោលនឹងអាត្មាអញក្នុងប្រស្នានោះ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវឆ្លើយយ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតា ប្រស្នាបែបនុ៎ះ គេគួរឆ្លើយយ៉ាងនេះវិញទេតើ (បើដូច្នេះ) បរិសទ្យនេះ មុខជានឹងមើលងាយអាត្មាអញ ដោយហេតុនោះ ថាសោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចដើម្បីធ្វើព្រះទ័យរបស់ព្រះសមណគោតម ឲ្យត្រេកអរដោយបញ្ហាវេយ្យាករណ៍ទេ បរិសទ្យនេះ បើមើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ ក៏គប្បីសាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស មួយវិញទៀត បើអាត្មាអញ បានទៅដល់ទីជិតយ៉ាងនេះហើយ តែមិនទាន់បានឃើញព្រះសមណគោតមនៅឡើយ ក៏ស្រាប់តែត្រឡប់មកវិញ បរិសទ្យនេះ មុខជានឹងមើលងាយ
ID: 636809464995816580
ទៅកាន់ទំព័រ៖